ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង

ខេត្តកំពត៖ បុគ្គលិកផ្នែ​កចែកបៀរ​ដែលស្នាក់​នៅក្នុងបន្ទប់កាស៊ីណូ​ហាទៀងវេហ្គាសម្នាក់ បានស្លាប់​យ៉ាងអណោច​អធ័មក្នុ​ងបន្ទប់ ខណៈមានអគ្គិសភ័យ​ឆាបឆេះ​បន្ទប់ស្នាក់អាស្រ័យនាវេលាទៀបភ្លឺ ស្ថិត​ក្រោយកាស៊ី​ណូ ហាទៀងវេហ្គាស ដែលមានទីតាំងក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឃុំ​ឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។នេះបើយោង​តាមប្រភពព័ត៌មាន​ច្បាស់ការណ៍​។

ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីឆេះបន្ទប់ស្នាក់ក្នុងបរិវេ​ណកាស៊ី​ណូ ហាទៀងវេហ្គាស បណ្តាលឱ្យមនុស្សស្លាប់​បាត់បង់ជីវិតនេះ បានកើតឡើងនៅម៉ោងប្រមាណជិត៥ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបន្ទប់ជាន់ទី១នៃអគារស្នាក់របស់បុគ្គលិកកាស៊ីណូហាទៀងវេហ្គាស។

យោងតាមប្រភពដាច់ដោយឡែកបាននិ​យាយថា នៅក្នុងបន្ទប់កើតហេតុខាងលើ​មានបុគ្គលិកកាស៊ី​ណូស្នាក់​នៅចំនួន៣នាក់ ប៉ុន្តែពេល​កើតមានអគ្គិសភ័យ​ឆាបឆេះគឺបុគ្គលិក២នាក់ បានរត់ចេញពី​បន្ទប់ទាន់ ចំណែកជនរង​គ្រោះម្នាក់ដេកលង់ល​ក់មិនដឹងខ្លួនទើបភ្លើង​ឆេះបណ្តាលឱ្យស្លាប់យ៉ា​ងអណោចអធ័មតែម្តង។

ទាក់ទិននឹងក​រណីឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិករបស់កាស៊ី​ណូ ហាទៀងវេហ្គាសនេះ សមត្ថកិ​ច្ចមូល​ដ្ឋានបានប​ញ្ជាក់ថា គឺបណ្តាលមកពីទុស្សេរខ្សែចរន្តអគ្គិសនី ដោយខ​ណៈនោះ​ក៏មានការ​អន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចជួយពន្លត់យ៉ាងសស្រាក់សស្រាំផងដែរ ទើបអណ្តាតភ្លើងមិន​ឆេះរាលដាលទៅបន្ទប់ផ្សេងទៀត។

ជាមួយនឹងករណីឆេះបន្ទប់​ស្នាក់របស់បុគ្គលិកកាស៊ី​ណូ ហាទៀងវេហ្គាសខាងលើ គេមិនអនុញ្ញា​តឱ្យក្រុម​អ្នកសារព័​ត៌មានចូលទៅថ​តយករូបភាពនោះឡើយ ហើយសពបុ​គ្គលិករងគ្រោះ ត្រូវ​បាន​គេដឹកបញ្ជូនទៅ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត ក្នុងខេត្តតាកែវ​៕