ល្បែងសង្វៀនបញ្ជល់របស់ឈ្មោះ” ហាន” កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុងទឹកដីខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នាសម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជំពូក៣ មាត្រា១១-ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ៕

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើបឲ្យ​ដឹងថា បច្ចុប្បន្ន​នេះក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​មានវិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ខុសច្បាប់​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ហេតុនេះហើយ​ទើប​លោក បែន រ័ត្ន មិន​ចាត់វិធានការ​បង្ក្រាប​ព្រោះ​ខ្លាច​បាត់បង់​ចំណូល​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​។

ថ្មី​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បន្ថែមដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បុគ្គល​ម្នាក់​ឈ្មោះ “ហាន” បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យ៉ាង​សុខស្រួលដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា មេឃុំ​ទន្លេ​បិទ ក៏ដូចជា​នាយប៉ុស្ដិ៍​នគរ​បា​លេ​រដ្ឋបាល​ឃុំ​ទន្លេ​បិទ ព្រមទាំង​អភិបាលស្រុក​ត្បូងឃ្មុំ និង​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​របស់​បុគ្គល​ឈ្មោះ” ហាន” នោះឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​ថ្នាក់ឃុំ ថ្នាក់ស្រុក ព្រមទាំង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​បុគ្គល​ឈ្មោះ “ហាន ” ទើប​បណ្ដោយ​ឲ្យ​ជននេះ​បើក​សង្វៀន​បញ្ជល់មាន់ ក៏ដូចជា​វង់​អាប៉ោង​ចល័ត​ដល់​ទៅ​៥​កន្លែង​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​របស់​បុគ្គល​ឈ្មោះ “ហាន “បើក​លេង​តាមរបៀប​ចល័ត​ដល់​ទៅ​៤​កន្លែង ហើយ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ពី​ថ្នាក់ឃុំ ដល់​ថ្នាក់​ខេត្ត ចាត់វិធានការ​បង្ក្រាប​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ជាដើម​។ ចំណែក​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​លេងយ៉ាងសុខសប្បាយទៅហើយ៕