ក្រុមឈ្មួញជាច្រើន នៅបន្តតែសម្រុកដឹកជ​ញ្ជូន ឈើឆ្លងកាត់ខេត្តបានដោយរលូន ប្រហែអជ្ញាធរមើលអត់ឃើញ

ប្រភព​ថ្មីៗនេះពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​លើផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ ក៏ដូចជា​នៅលើ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​នគរ​បាល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​ទាំងនោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ​តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៣ ដោយ​គ្មាន​ការរំខាន​គឺ​ដោយសារ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ពុករលួយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ចេញទៅ​ប្រទេសវៀតណាមយ៉ាង​រលូន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃទៀត​ដូចជា សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម បានចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់​ពួកគេ ទើប​ពួកគេ​សម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​៧​នាក់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ខេត្តស្វាយរៀង ក៏ដូចជា​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​។
ក្រុមឈ្មួញ​ដឹកជញ្ជូនឈើ ជើងខ្លាំង…$$….មានដូចខាងក្រោម ៖ ទី​១-​ឈ្មោះ គន្ធ $ ទី​២-​ឈ្មោះ ឆាយ $ ទី​៣-​ឈ្មោះ នី $ ទី​៤-​ឈ្មោះ បុល $ ទី​៥-​ឈ្មោះ ហុង $ ទី​៦-​ឈ្មោះ ចែ​នាង $ និង​ទី​៧-​ឈ្មោះ ឆ​យ $
ដោយ​រាល់​សកម្មភាព​របស់​ពួកគេ​មិនដែល​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ពី៣០​ទៅ​៥០​រថយន្ត​សាំ​យ៉ុង​កែច្នៃ ព្រមទាំង​រថយន្ត​ផ្សេងៗ​ទៀត ហើយ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួលផល​ប្រយោជន៍។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាងគំហុក​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ខេត្តព្រៃវែង និង​ខេត្ត​សា្វ​យ​រៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធចាំទទួលផលប្រយោជន៍រឺក៌ត្រូវថ្នាំសន្តំហើយមើយបានបណ្ដែតបណ្ដោយយ៉ាងរលូន។