ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពលំហូរទឹកនៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពលំហូរទឹក នៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខនៅព្រឹកថ្ងៃអាទិត្យ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា តាំងពីរំលងអធ្រាត្រថ្ងៃទី២៦ ខែកញ្ញា រហូតមកដល់ថ្ងៃត្រង់ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់ បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិច។ សំរាមនៅតែជាបញ្ហាប្រឈមដែលបណ្តាលឲ្យស្ទះលំហូរនៃផ្លូវទឹកបណ្តាឲ្យមានការជន់លិចផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ដល់២៩ ខែកញ្ញានេះភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់តំបន់មាត់សមុទ្រ និងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ រលកសមុទ្រខ្ពស់ៗ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋប្រជានេសាទ និងអ្នកទេសចរណ៍  មេត្តាប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព ចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិមានបំណងទៅកំសាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុសូមលើកពេលទៅកំសាន្តដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ។

ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ មាត់អូរប្រឡាយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ហើយសូមចូលរួមរក្សានូវអនាម័យទាំងអស់គ្នា ដោយកុំបោះចោលសំរាម ក៏ដូចជាកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយនាំឱ្យមានការកកស្ទះប្រព័ន្ធលូនិងទឹកហូរមិនទាន់អាចបង្កទៅជាជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *