ព័ត៌មានជាតិ

ករណីសង្សយ័ ឆ្លងជំងឺឈីកនៅស្រុកល្វាឯមរយៈពេល២ថ្ងៃនេះកើនឡើងជាង៣០០នាក់ហើយ

ខេត្តកណ្តាល ៖ យោងតាមទិន្នន័យចុងក្រោយមន្ទីរសុខាភិបាលខេត្តកណ្តាលគិតត្រឹមល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានរកឃើញករណីសង្ស័យជំងឺគ្រុនឈីក នៅស្រុកល្វាឯម សរុបជាង៣០០នាក់ ហើយបច្ចុប្បន្ននេះ កំពុងបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងជួយទំនុកបំរុងយ៉ាងពេញទំហឹងពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

ដោយឡែកចំពោះសុខភាពអ្នកស្រុកទាំងនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពង់ធ្វើតេស្តឈាមបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវសាធារណៈ ក្រសួងសុខាភិបាល រង់ចាំលទ្ធផលចុងក្រោយថា តើអ្នកភូមិទាំងនោះឆ្លងជំងឺគ្រុនឈីកពិតមែន ឬយ៉ាងណានោះ។

ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ​ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា​ គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦នាក់ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន១៩នាក់ស្ថិតក្នុងករណីសង្ស័យថា មានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។

គួរបញ្ជាក់ថា ករណីអ្នកស្រុកល្វាឯម សង្ស័យថា ឆ្លងជំងឺឈីកគឺផ្ទុះឡើងនៅភូមិពាមស្តី ឃុំព្រែកឫស្សី ដែលជាមូលដ្ឋាន ឃុំដាច់ស្រយាល មានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តព្រៃវែង។ ដោយសារមូលដ្ឋានឃុំនេះ បើនៅរដូវវស្សាទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំ ធ្វើឲ្យការធ្វើដំណើរជួបការលំបាក ហើយប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ដោយមធ្យោបាយទូក។ ប្រឈមបញ្ហានេះ ទើបអាជ្ញាធរមូលដ្ឋាន បានបញ្ជូនបងប្អូនមកស្នាក់បណ្តោះអាសន្ន នៅសាលាឆាន់ក្នុងវត្ត ដើម្បីងាយស្រួលឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលបានទាន់ពេលវេលា។

សូមជំរាបជូនផងដែរថា ខេត្តកណ្តាលមានករណីសង្ស័យឆ្លងជំងឺគ្រុនឈីកបានផ្ទុះឡើងចំនួន២ស្រុកហើយគឺ ស្រុកពញាឮ និងស្រុកល្វាឯម ប៉ុន្តែរហូតមកទល់ពេលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមគ្រូពេទ្យ គឺមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺនេះនៅឡើយទេ។

ជាក់ស្តែងនៅវេលាយប់ថ្ងៃទី២៧កញ្ញានេះ ដោយព្រួយបារម្ភពីសុខភាពរបស់បងប្អូននៅទីនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមដំណើរជាមួយសហការីបានចុះពិនិត្យដោយផ្ទាល់ដើម្បីសាកសួរសុខទុក្ខ ការលំបាក និងបាននាំយកអំណោយឧបត្ថម្ភដល់បងប្អូននៅទីនោះផងដែរ។

មានប្រសាសន៍ ចំពោះមុខ អ្នកស្រុកនៅទីនោះ ឯកឧត្តម អភិបាលខេត្តបានដាស់តឿនក្រើនរំលឹកឲ្យបងប្អូនប្រកាន់ខ្ជាប់វិធានការបង្ការការពារ ដោយរួមគ្នាកំចាត់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លង ពិសេសលុបបំបាត់ ព្រៃស៊ុបទ្រុពជុំវិញផ្ទះ ដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត។ ប្រសិនបើពិនិត្យឃើញថា សង្ស័យមានករណីជំងឺគ្រុនឈីក ឯកឧត្តមក៏បានណែនាំឲ្យបងប្អូនប្រញាប់រួសរាន់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ អោយបានទាន់ពេលវេលា។

គួររំលឹកថា រហូតមកទល់ពេលនេះ តាមទិន្ននយ័សរុបចុងក្រោយ របស់ក្រសួងសុខាភិបាល មានករណីសង្ស័យជំងឺគ្រុនឈីកនៅទូទាំងប្រទេសប្រមាណជិត៦ពាន់នាក់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *