ព័ត៌មានជាតិ

ផ្ទះមនុស្សធម៌១ខ្នង​ ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ​ ដែលពិការជើនៅឃុំសំរោងយា​ ស្រុកពួក

ខេត្តសៀមរាប ៖ នារសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ដែលផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពី ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ។

ផ្ទះមនុស្សធម៌នេះ ត្រូវបានប្រគល់ជូនគ្រួសារលោក គី រី អាយុ៦៥ឆ្នាំ (ពិការជើងឆ្វេង) និងភរិយាឈ្មោះ ញ៉ឹក ម៉ុន អាយុ៥៩ឆ្នាំ មានសមាជិកគ្រួសារ៩នាក់ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នដើរស៊ីឈ្នួលគេ គ្រាន់បានចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។ ផ្ទះមនុស្សធម៌ដែលបានប្រគល់ជូននាពេលមាន ៦ម៉ែត្រគុណ៦ម៉ែត្រ មានពីបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ ៩ម៉ែត្រគុណ១៤ម៉ែត្រ។

ថ្លែងក្នុងឱកាសនោះឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញសមិទ្ធផល ដែលគាត់បានចូលរួមតាមរយៈកាកបាទក្រហមកម្ពុជា ហើយមកដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យហួសពីការគិតរបស់គាត់ទៅទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

លោកជំទាវ ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សារ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន ៖ -មុង២ -ភួយ២ -សារុង២ -ក្រមា២ -កន្ទេល២ -អង្ករ៦០គីឡូក្រាម -មី២កេស -ត្រីខ២យួរ -ឡាំងទឹក២ អាវយឺត១០ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ សម្រាប់គ្រួសារនេះដែរ ព្រះតេជគុណ ព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក បានឧត្ថម្ភបន្ថែម នូវទ័យទានមួយចំនួន និងថវិកាចំនួន១ សែនរៀលផងដែរ។

សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន ៖អង្ករ១៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

Leave a Reply

Your email address will not be published. Required fields are marked *