ព័ត៌មានជាតិ

តុលាការ​ចោទ​ស្ដ្រី​ដែល​យក​កាំបិត​វះ​មុខ​ក្មេង​តូច​ពីបទ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ

ភ្នំពេញ​៖​ស្ដ្រី​ម្នាក់​ដែល​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ដោយសារតែ​ក្មេងៗ​ឈ្លោះ​គ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០ ត្រូវបាន​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​យោងតាម​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​ស្ត្រី​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ទៅ​២០​ឆ្នាំ បើសិនជា​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដួច​ការចោទប្រកាន់​នេះ​មែន​។​ស្ត្រី​រូបនេះ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ស្ត្រី​រូបនេះ​បាន​ត្រូវ​កម្លាំង​នគរបាល ឃាត់ខ្លួន​នាំយកទៅ​សាកសួរ ក្រោយ​ពេលធ្វើ​សកម្មភាព យក​កាំបិត​ប៉ុនប៉ង​អារ​.​ក​សម្លាប់​ក្មេងស្រី​ម្នាក់ ព្រោះតែ​ខឹង ក្មេងស្រី​រូបនោះ​យក​ដុំថ្ម​គប់​កូនប្រុស បែកក្បាល​កាលពី​២​ថ្ងៃមុន​។ ប៉ុន្តែ​ការប៉ុនប៉ង​សម្លាប់​ក្មេងស្រី​រងគ្រោះ មិនបាន​សម្រេច​ទេ ដោយសារតែ​នាង ស្រែកយំ​ខ្លាំងៗ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​។​ស្ត្រី​ដៃដល់​បាន​យក កាំបិត​ឆូត​ផ្ទៃមុខ និង​ច្រមុះ ព្រមទាំង​ដៃ​ក្មេងស្រី​រងគ្រោះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ រួច​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ មុននឹង​នគរបាល​ម​កក​ដល់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ក្រោយពេល​ចាប់ខ្លួន​ស្ត្រី​នោះបាន​និយាយថា គាត់​ខឹង​ខ្លាំងណាស់​ដេក​អត់​លក់​២​យប់​ហើយ ដោយសារតែ​ក្មេងស្រី​រងគ្រោះ​ធ្វើឱ្យ​កូន​គាត់​ចេញឈាម​។​ត្រូវ​ដឹងថា កូន​គាត់​ធំ​ឡើងជា​តារា​ផង ដូច្នេះ​គាត់​សុំ​ត្រឹមតែ​ឱ្យ​ក្មេងស្រី​នេះ ចេញឈាម​វិញ​ដូចជា​កូន​គាត់​វិញ​ប៉ុណ្ណោះ​។

​ស្ត្រី​រូបនេះ​បាន​និយាយទៀតថា នៅ​រសៀល​ថ្ងៃកើតហេតុ​គាត់​បាន​ទៅ​ទិញ​កូនកាំបិត រួច​ក៏​ចាប់​ក្មេងស្រី​នោះ​អារ និង​ឆូត​មុខ ច្រមុះ និង​ដៃ​ព្រមទាំង​ក តែម្ដង​។​នេះ គឺជា​ការ​តបស្នង ហើយ​អ្នក​ដាំ​ផ្លែ​អ្វី គឺ​បាន​ផល​នោះ​អីចឹង​ហើយ​។​ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក​និង​ដៃ​រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោស​ង្កា​ត់​សំរោងក្រោម​។​

​អ្នកភូមិ​បាន​និយាយថា រឿងហេតុ​នេះ​ផ្ដើម​ពី​ការ​កាន់ជើង​កូន​ខ្លាំងពេក និង​ខ្វះ​ការពិចារណា​វែងឆ្ងាយ​ព្រោះ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កូនប្រុស​របស់​ស្ត្រី​ដែលជា​ជនដៃដល់​ខាងលើ​បាន រើស​ដុំថ្ម​គប់​ដាក់​ក្មេងស្រី​រងគ្រោះ​។​ក៏ត្រូវ​ក្មេងស្រី​រងគ្រោះ​គប់​តប​វិញ បណ្ដាលឱ្យ​ត្រូវ​ក្បាល​រងរបួស​បែក​រយះ​ដេរ​២​ថ្នេរ ដោយ​ពេលនោះ​ម្ដាយ​ក្មេងស្រី​រូបនោះ ក៏បាន​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​

​បន្ទាប់មក​ក្មេងស្រី​រូបនោះ​អត់​ហ៊ាន​ដើរលេង​២​ថ្ងៃ​។​រហូតដល់​ថ្ងៃកើតហេតុ ទើប​ហ៊ាន​ចេញ​ដើរលេង ហើយ​ដើរកាត់​មុខផ្ទះ​ស្ត្រី​ដៃដល់​រូបនោះ ក៏ត្រូវ​បាន​ស្ត្រី​នេះ​ស្ទុះ​ចូលទៅ​ចាប់ យក​កាំបិត​ទើបនឹង​ទិញ​ថ្មីៗ ដើម្បី​អា​រក​សម្លាប់ចោល​។ ប៉ុន្តែ​ពេលនោះ​ក្មេងស្រី​រងគ្រោះ​បាន​ស្រែកយំ​ខ្លាំង បង្កឱ្យមាន​ការភ្ញាក់ផ្អើល ទើប​ស្ត្រី​ដៃដល់​នោះ​ឆូត​មុខ ឆូត​ច្រមុះ ដៃ និង​ក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​ទើប​រត់​ចូលទៅ​ពួន​សម្ងំ​នៅក្នុង​ផ្ទះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *