ព័ត៌មានអន្តរជាតិ

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​២​គ្រឿង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើងវិញ

​អាមេរិក ៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​កាល​ពីថ្ងៃ​សុក្រ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​អាមេរិក​២​គ្រឿង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នាវា​ពីរ​គ្រឿង​ដ៏​កម្រ​ឡើងវិញ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ខែ​នេះ​ដែល​នាវាចម្បាំង​ដ៏​ធំ​បាន​ចូលមកក្នុង​ដែនទឹក​ដែលមាន​ជម្លោះ ខណៈដែល​ចិន​និង​សហរដ្ឋអាមេរិក​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា ​បាន​បង្ក​ភាព​តានតឹង​នៅក្នុង​តំបន់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​កងទ័ពជើងទឹក​អាមេរិក​និយាយថា​ នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald និង USS Nimitz របស់ខ្លួន​បាន​ដឹក​បុគ្គលិក​យោធា​អាមេរិក​សរុប​ចូលគ្នា​ជាង​១២,០០០​នាក់​និង​យន្តហោះ​១២០​គ្រឿង​នៅពេល​វា​កំពុង​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា​នាវា​ផ្ទុក​យន្តហោះ​ទាំងពីរ​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ​ការពារ​ដែនអាកាស​ជា​យុទ្ធសាស្ត្រ​ដើម្បី​រក្សា​ការត្រៀមខ្លួន​ប្រយុទ្ធ​និង​សមត្ថភាព​ប្រយុទ្ធ​។​

​វត្តមាន​របស់​នាវាច​ម្បាំ​ង Nimitz និង Reagan ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ដើមខែ​នេះ​គឺជា​លើកដំបូង​ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​ចំនួន​២​គ្រឿង​បានធ្វើ​ប្រតិបត្តិការ​ជាមួយគ្នា​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​២០១៤​មកហើយ​នេះ​ទើបតែ​ជា​លើក​ទី​២​ប៉ុណ្ណោះ​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។​

​សូមជម្រាបថា សមយុទ្ធ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៤​ខែកក្កដា​ហើយ​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​លោក Sean Brophy នៅលើ​នាវា Reagan បាន​និយាយ​កាលពី​ថ្ងៃទី​៨​ខែកក្កដា ថា “​ក្រុម​វាយប្រហារ​នីមួយៗ​បាន​បន្ត​បំពេញភារកិច្ច​ប្រតិបត្តិកា​រ​របស់​ពួកគេ​រៀងៗ​ខ្លួន​”៕

Leave a Reply

Your email address will not be published. Required fields are marked *