ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ៖ ខ្លួនគ្មានអារម្មណ៍ចង់អង្គុយប្រជុំកំពូលលើកទី៣ជាមួយអាមេរិកឡើយ

សេអ៊ូល ៖ អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាចង់អង្គុយចរាចលើកទី៣ជាមួយសហរដ្ឋអាមេរិកទេ ហើយជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកនេះ ខណៈដែលប្រេសិតអាមេរិកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្តនុយក្លេអ៊ែរដែលជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសក្រុងព្យុងយ៉ាងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបកស្រាយខុសនូវសេចក្តីថ្លែងការណ៍មុនរបស់លោក Choe Son Hui អនុរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានច្រានចោលនូវពាក្យចចាមអារាមដែលមិនសមហេតុផលអំពីជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោក Kwon បានថ្លែងយ៉ាងដូច្នេះថា «វាដល់ពេលហើយ ដែលត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ តែវាហាក់ដូចជាគ្មានវិធីព្យាបាលឡើយ ចំពោះទម្លាប់ដ៏អាក្រក់បែបនេះ។ និយាយឱ្យចំទៅ យើងគ្មានអារម្មណ៍ចង់អង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកទេ»៕

 

Leave a Reply

Your email address will not be published. Required fields are marked *