ព័ត៌មានជាតិ

សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ហាក់កំពុងធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែធ្ងន់នៃការផ្ទុះករណីឆ្លង COVID-19 រលកទី២ បន្ទាប់ពី អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីៗ រហូតដល់ទៅ៥៣,៧៣៣នាក់ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខៃកក្កដា ឆ្នាំ២០២០។

អាជ្ញាធរអាមេរិកបានមើលឃើញអត្រាឆ្លងខ្ពស់ៗបំផុត នៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានោះគឺថ្ងៃចន្ទ អង្គារ និងពុធសប្តាហ៍នេះ ខណៈរដ្ឋចំនួន ៣៧ ក្នុងចំណោម ៥០ សុទ្ធតែបានរាយការណ៍ពីករណីឆ្លង មានសន្ទុះកើនឡើងឥតឈប់ឈរ។

សហរដ្ឋអាមេរិកចាប់ផ្តើមផ្ទុះការឆ្លងរលកទី ២ បន្ទាប់ពីការបើកទ្វាររដ្ឋនានាឡើងវិញ និងការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលបានស្លាប់ក្រោមក្បាលជង្គង់ប៉ូលិសស្បែកស នៅក្នុងទីក្រុងមីននាផូលី រដ្ឋមីននីសូតា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២០។

គ្រាន់តែរដ្ឋផ្លូរីដាមួយប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅជាង ២១លាននាក់នោះ បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១០,០០០នាក់ នៅក្នុងពេល ២៤ម៉ោងកន្លងទៅនេះ។ បើគិតពីរយៈពេលមួយសប្តាហ៍ចុងខែមិថុនា កន្លងទៅនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 ជាមធ្យម ៤២,០០០នាក់ក្នុងមួយថ្ងៃ។

សូមជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២,៨៣៣,៦៨៦ករណី ក្នុងនោះស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *