ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញស្នើឱ្យមន្រ្តីវាយតម្លៃផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រត្រូវប្រកាន់យកតម្លាភាព និងសុក្រិត្យភាព

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ( OD IDpoor ) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ( Covid19 ) តាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួម និងចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត ក្នុងអំឡុងពេលនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ ត្រូវតែអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការធ្វើបណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិ COVID-19 គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរ មិនបានដឹងនោះទេ»។

ឯកឧត្តមអភិបាលបានបន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភ័ន្ត បក្ខពួក បងប្អូន គ្រួសារមនោសញ្ចេតនាមន្រ្តីក្រោមឱវាទ របស់ខ្លួនដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។

ឯកឧត្តមបញ្ជាក់ថា «បើចង់ជួយដល់មន្រ្តី ឬក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាព ដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព»៕

Leave a Reply

Your email address will not be published. Required fields are marked *