ព័ត៌មានជាតិ

ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​សណ្តាប់ធ្នាប់​សាធារណៈ​”

ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់ ស្តីពី “​សណ្តាប់ធ្នាប់​សាធារណៈ​” ក្រោម​អធិបតីភាព​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​លោក​,​លោកស្រី​អភិបាលរង​ខេត្ត​មេបញ្ជាការ​កងកម្លាំង​ទាំងបី​អភិបាលស្រុក​ក្រុង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​ជាច្រើនរូប​។​

​លោក​ប្រាក់ សុវណ្ណ បានឱ្យដឹងថា យោង​លិខិត​លេខ ១៧៥១ សជណ ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​សំណើរ​ពិនិត្យ​រួម​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​។​រដ្ឋបាលខេត្ត​បានរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដើម្បី​ប្រមូលបាន​នូវ​ធាតុ​ចូល​និង​តម្រូវការ​ក្នុងស្ថានភាព​ជាក់ស្តែង​ក្នុង​ខេត្ត​ដើម្បី​ស្រង់​យក​មតិយោបល់​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ដើម្បី​ដាក់ជូន​គណៈកម្មកា​រតាត់​តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ពិនិត្យ​។​

​លោក​បាន​បន្តថា​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ដោយ​គណៈកម្មការ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​៨​ជំពូក​និង​៤៣​មាត្រា​។​មាន​គោលបំណង​ធានា​ការគ្រប់គ្រង​សណ្ដាប់​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ សោភ័ណភាព​អនាម័យ​បរិស្ថាន​ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា ដើម្បី​ប្រមូល​ធាតុ​ចូល និង​តម្រូវការ​ជាក់ស្ដែង​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ គណៈកម្មការ​តាក់តែង​សេចក្ដីព្រាងច្បាប់​នេះ​បាន​ស្នើសុំ​រដ្ឋបាលខេត្ត​ពិនិត្យ​ពិភាក្សា​និង​រួម​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ ដើម្បី​កែសម្រួល​ចុងក្រោយ​ដាក់ជូន​រាជរដ្ឋាភិបាល​។​

​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ អង្គភាព សូម​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជម្ងឺ​ឆ្ង​ង​កូ​វីដ​-១៩​ជា​បន្តទៀត​ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល សូមកុំ​មាន​ធ្វេសប្រហែស​ឱ្យសោះ​៕

  

Leave a Reply

Your email address will not be published. Required fields are marked *