ព័ត៌មានជាតិ

អភិបាលខេត្ត​មណ្ឌលគិរី​បញ្ជា​ឱ្យ​ផ្ទៀងផ្ទាត់​និង​ដកហូត​ដីចម្ការ​ស្រល់​ត្រឡប់មកវិញ

មណ្ឌលគិរីៈ​ក្រោយពី​សង្កេតឃើញ​អំពី​ផ្ទៃដី​ចម្ការ​ស្រល់​និង​ដីព្រៃ​របស់​រដ្ឋ​រង​នូវ​ការបោះបង្គោល​ហ៊ុមព័ទ្ធ​ផ្ទេរ​ឈ្មោះ​ពី​ម្នាក់​ទៅ​ម្នាក់​កាលពីពេល​កន្លងមក​អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​សើរ​រើ​ផ្ទៀងផ្ទាត់​ឡើងវិញ និង​ដកហូត​ដី​ទាំងនោះ​មកវិញ​។​

​ការប្រកាស​បញ្ជា​ដោយផ្ទាល់​ពី​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​ធ្វើឡើង​គ្រា​ដែល​លោក​ចុះ​ពិនិត្យ​តំបន់​នោះ​កាលពី​រសៀល​ថ្ងៃទី​២៩​មិថុនា​ឆ្នាំ​២០២០​អមដោយ​មន្ត្រី​ជំនាញ​ជាច្រើនរូប​ថែមទៀត​។​លោក​ស្វាយ​សំ​អ៊ាង​បាន​ថ្លែងថា​៖​ដីចម្ការ​ស្រល់​នេះ​ជា​តំបន់​ដែល​ព្រះមហាក្សត្រ​ធ្លាប់​យាង​មក​ប្រារព្ធ​ពិធី​រុក្ខទិវា​ក្នុង​ឆ្នាំ​២០០៤​។​ខណៈដែល​អាជ្ញាធរ​កំពុង​ជម្រុញ​ឱ្យ​ចុះបញ្ជី​ដី​នេះ​ជា​សម្បត្តិ​រដ្ឋ​។​

​ក្នុង​ដំណើរការ​ចុះបញ្ជី​ក៏​ពិនិត្យឃើញ​មានការ​ពាក់ព័ន្ធ​ជាមួយនិង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចំណុច​នេះ​អាជ្ញាធរ​នឹង​ដោះស្រាយ​តាម​បែបបទ​រដ្ឋបាល​ដើម្បី​ឈានដល់​ការដកហូត​តំបន់​ដីចម្ការ​ស្រល់​ទាំងនេះ​មកវិញ​។​អភិបាលខេត្ត​មណ្ឌលគិរី​បាន​បន្តថា​ទោះជា​យ៉ាងណា​នៅ​មិនទាន់​ដឹង​អំពី​ទំហំ​នៃ​ផលប៉ះពាល់​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ងារ​នេះ​។

​លោក​ស្វាយ​សំ​អ៊ាង​ថ្លែង​ទៀតថា​តំបន់​ចម្ការ​ស្រល់​ដែល​មន្ត្រី​ជំនាញ​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ​នឹង​ដាំ​ដើម​ស្រល់​ដែល​បាត់បង់​ឡើងវិញ​ដើម្បី​ក្លាយទៅជា​គោលដៅ​ដ៏​ស្រស់ស្អាត​ទាក់ទាញ​ភ្ញៀ​ទេសចរ​។​ព្រោះតែ​ទីនេះ​មាន​សក្តានុពល​ទេសចរណ៍​ស្រាប់​។​លោក​បញ្ជាក់ថា​ក្រុមការងារ​នឹង​ពិនិត្យ​លើ​លិខិត​កាន់កាប់​របស់​ប្រជាពលរដ្ឋ​កន្លែង​ណា​មាន​លិខិត​កាន់កាប់​ស្របច្បាប់​នឹង​ដោះស្រាយ​តាម​នីតិវិធី​កន្លែង​ដែល​កាន់កាប់​ខុសច្បាប់​គឺ​ដកហូត​តែម្ដង​។​

​សូមបញ្ជាក់ថា​បើតាម​មន្ត្រី​ជំនាញ​បាន​អះអាង​តំបន់​ចម្ការ​ស្រល់​ដែល​រង​ផលប៉ះពាល់​ក្នុងការ​កាន់កាប់​មិន​ប្រក​តី​គឺ​លាតសន្ធឹង​ក្នុង​សង្កាត់​ស្ពាន​មានជ័យ​និង​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​។​បើតាម​ប្រភព​ច្បាស់លាស់​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បង្ហើប​ថា​ដី​ជាច្រើន​ដែល​ជាន់​ជាមួយ​ដី​របស់​រដ្ឋ​គឺជា​កម្ម​សិទ្ធ​របស់​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេង​។​ពួកគាត់​ជឿ​លើ​ការអូសទាញ​របស់​ក្រុម​អ្នករកស៊ី​គួ​ក​ជេ​ដី​ក្នុង​ខេត្តមណ្ឌលគិរី​ឱ្យ​ទិញ​ដី​ទាំងអស់នោះ​ដើម្បី​ចំណេញ​នៅ​ថ្ងៃក្រោយ​។​

​ក្នុងករណី​នេះដែរ​ក៏មាន​ការ​ឃុ​ប​គិតពី​មន្ត្រី​មូលដ្ឋាន​ថ្នាក់ក្រោម បាន​ឯកភាព​លើ​ការផ្ទេរសិទ្ធិ​និង​កាន់កាប់ ទើប​ធ្វើឱ្យ​កើតមាន​ករណីបែបនេះ​។​មជ្ឈដ្ឋាន​ជាច្រើន​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​សំណូមពរ​ឱ្យមាន​ការដោះស្រាយ​សមស្រប​និង​ចាន់​វិធានការ​លើ​អ្នកពាក់ព័ន្ធ​ក្នុងការ​ករណីនេះ​តាមផ្លូវ​ច្បាប់​ដើម្បី​ធានា​ឱ្យបាន​នូវ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​ជាច្រើន​ផ្សេងទៀត​ក្នុង​ខេត្តមណ្ឌលគិរី​៕​

    

Leave a Reply

Your email address will not be published. Required fields are marked *