ព័ត៌មានជាតិ

ស្រ្តីពោះធំ១ខែម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ព្រោះតែប្រច័ណ្ឌប្ដីពេក

ភ្នំពេញ ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។

បើតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអគារបុរីកីឡា ហើយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ។

ប្រភពបន្តថា ពេលនោះសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទើបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។

បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕

Leave a Reply

Your email address will not be published. Required fields are marked *