ព័ត៌មានជាតិ

រដ្ឋមន្រ្តីធម្មការក្រើនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២នៃជំងឺកូវីដ-១៩

ខេត្តក្រចេះ ៖ នារសៀសថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង បុគ្គលិកនៃមន្ទីរធម្មការ និង សាសនាខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ជាក់ពី ស្ថានភាពវឌ្ឍនៈភាពនៃការរីក ចម្រើនលើគ្រប់វិស័យ និងការកសាងអភិវឌ្ឍន៏ក្នុងខេត្តគួរឲ្យកត់សម្គាល់។ ក្នុងនោះវឌ្ឍនៈភាពវិស័យព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះ ត្រូវបានមន្ទីរធម្មការ និសាសនា ក៏ដូចជាគណៈសង្ឃខេត្តទាំងពីរគណៈយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យនេះកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពោលគឺបានចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម ព្រមទាំងរួមចំណែកការងារសង្គមកិច្ច ដូចជាការអប់រំចរិយាធ៌ម សីលធ៌ម គុណធ៌ម និងសុជីវធ៌មដល់ពុទ្ធបរិស័ទ្ធ ជួយអប់រំស្មារតីដល់ជនចាស់ជរា ជនពិការ កុមារកំព្រាគ្មានទីពឹង ស្រ្តីជួបការលំបាក និងសិស្សានសិស្សដែលកំពុងសិក្សាផងដែរ ។

ឯកឧត្តម ឈិត សុខុន បានផ្តល់អនុសាសន៍មួយចំនួនដូចជា ទី១. ត្រូវពិនិត្យមើលច្បាប់បទបញ្ញត្តិរបស់ក្រសួង និងលិខិតបទដ្ឋានផ្សេងៗ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាព និងការអភិវឌ្ឍ។ ទី២. ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព ធនធានមនុស្ស និងអភិវឌ្ឍន៍ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទី៣. រៀបចំកែសម្រួលប្រព័ន្ធរដ្ឋបាលហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។ ទី៤. រៀបចំឱ្យមានផែនការយុទ្ធសាស្រ្តសម្រាប់ផែនការអនុវត្តន៍របស់មន្ទីរ រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ទី៥. ត្រូវគោរពប្រតិបត្តិបទបញ្ជាផ្ទៃក្នុង របស់មន្ទីរធម្មការ និងសាសនា។ ទី៦.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបំពេញការងារត្រូវតាមឋានានុក្រម ។ ទី៧. ត្រូវមានការទំនាក់ទំនងសហការល្អជាមួយនឹងមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលក ទី២នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលដែលក្រសួងសុខាភិបាល ក៏ដូចជាបណ្តាប្រទេសនានា មានការព្រួយបារម្ភ និងស្នើសុំមន្ទីរធម្មការ និងសាសនាខេត្ត បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការអប់រំ ណែនាំ និងតាមដាមការអនុវត្តវិធានការបង្ការទប់ស្កាត់នានាតាមវត្តអារាម ព្រះវិហារ គ្រប់សាសនា កន្លែងថ្វាយ សាសនាបង្គំ ដើម្បីធានាឱ្យបាននូវសុខុមាលភាព ពុទ្ធសាសនិក ដូចជាប្រជាពលរដ្ឋកម្ពុជា។

តាមរបាយការណ៍របស់ លោក ស៊ូ សែរ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា នៅទូទាំងខេត្តក្រចេះ ផ្នែកព្រះពុទ្ធសាសនាមានវត្តអារាមចំនួន១៧២វត្ត ព្រះសង្ឃសរុបចំនួន១៣២៣អង្គ ក្នុងនោះគណៈមហានិកាយចំនួន១៦១វត្ត ព្រះសង្ឍ ១២៧១អង្គ, គណៈធម្មយុត្តិកនិកាយមានវត្តចំនួន ១១វត្ត ព្រះសង្ឍ ៥២អង្គ។ គ្រិស្តសាសនា មានវិហារចំនួន ១៩កន្លែង ស្នាក់ការថ្វាយបង្គំមានចំនួន ១៥កន្លែង, ឥស្លាមសាសនា មានវិហារ ៨៥កន្លែង, ស៊ូរ៉ាវ ១០០កន្លែង, មានសាលាពុទ្ធិបឋមសិក្សាចំនួន ១២កន្លែង និងសាលាធម្មវិន័យ ២កន្លែងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *